ជម្ងឺរលាកថ្លើម ជាជម្ងឺមួយប្រភេទដែលស្ដែងឡើង ដោយការរលាកនៃសាច់ថ្លើម។ ជម្ងឺរលាកថ្លើមដែលទើបតែកើត ហើយកើតក្នុងរយៈពេលខ្លី ហៅថាជម្ងឺរលាកថ្លើមស្រួចស្រាវ។ បើអូសបន្លាយរយៈពេលវែង គេហៅថាជម្ងឺរលាកថ្លើមរ៉ាំរ៉ៃ។ មានកត្ដាជាច្រើនដែលអាច បង្កឱ្យមានជម្ងឺរលាកថ្លើម ជាពិសេសដោយវីរុស និងជាតិសុរា។ ជម្ងឺរលាកថ្លើមដោយវីរុសបេ សព្វថ្ងៃនេះក្លាយជាមូលហេតុ ឬដើមចមនៃជម្ងឺ រលាកថ្លើមរ៉ាំរៃ នៅតាមបណ្ដាប្រទេសមួយចំនួន។ មានវីរុសជមឺរលាកថ្លើម៦ប្រភេទសំខាន់ៗ គឺប្រភេទអា(A) បេ(B) សេ(C) ដេ(D) អឺ(E) និងហ្សេ(G)។ ដូច្នេះ ជម្ងឺរលាកថ្លើមប្រភេទបេ អាចហៅបានថាជម្ងឺរលាកថ្លើមដោយវីរុសបេ ឬជម្ងឺរលាកថ្លើម B ។
ជម្ងឺរលាកថ្លើមប្រភេទបេ មានអត្រារាលដាលខ្ពស់។ តាមការប៉ាន់ស្មាន នៅលើពិភពលោក មានមនុស្សប្រមាណជា 2 ពាន់លាន នាក់បានឆ្លងមេរោគនៃជម្ងឺនេះ។ ហើយក្នងចំណោមនោះ មានប្រមាណជាជាង 350 លាននាក់ បានរងនូវជម្ងឺរលាកថ្លើមរ៉ាំរ៉ៃ។
តាមការអង្កេតស្រាវជ្រាវបានឱ្យដឹងថា ជម្ងឺរលាកថ្លើមប្រភេទបេច្រើនតែកើតនៅលើមនុស្សវ័យកណ្ដាល ក្នុងចន្លោះវ័យពី 20 ទៅ 40 ឆ្នាំ។ ក្រុមមនុស្សដែលងាយរងគ្រោះបំផុត គឺអ្នកចូលចិត្ដរួមភេទដូចគ្នា អ្នកសេពគ្រឿងញៀនដោយចាក់តាមសរសៃ អ្នកមានដៃគូរួមភេទច្រើន អ្នកដើរលេង ឬធ្វើដំណើរច្រើន។ល។
មូលហេតុបង្កជម្ងឺរលាកថ្លើម
ជម្ងឺរលាកថ្លើមដោយវីរុសបេ ឆ្លងតាមឈាម និងទឹកកាម ដូចមេរោគអេដស៍ដែរ។ វីរុសបេឆ្លងចូលទៅក្នុងខ្លួនមនុស្សតាមរយៈ ឈាម ទឹកកាម និងទឹករំអិលភេទ។ ការឆ្លងពីម្ដាយទៅកូន កើតមានឡើង នៅពេលសម្រាលកូន ពេលដែលទារកចេញតាមទ្វារមាសរបស់ម្ដាយ អាចមានការប៉ះពាល់នឹងមេរោគវីរុសបេ ដែលមាននៅក្នុងឈាមរបស់ម្ដាយ។ ចំពោះការឆ្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត កើតឡើងតាមការរួមភេទ និងតាមឈាម។
សរុបសេចក្ដីមក ការឆ្លងសំខាន់ៗមាន ដូចជាការរួមភេទ (ទាំងការរួមភេទតាមទ្វារមាស ទាំងការរួមភេទតាមទ្វារលាមក) ការប្រើម្ជុលរួមគ្នា និងការសម្រាលកូន។ ដូច្នេះ បុគ្គលដែលប្រឈមមុខនឹងការឆ្លងជម្ងឺរលាកថ្លើមនេះជាងគេ គឺជាអ្នករួមភេទដូចគ្នា អ្នកមានដៃគូរួមភេទច្រើន អ្នកទទួលការបញ្ចូលឈាម អ្នកសេពគ្រឿងញៀនដោយចាក់ អ្នកចាក់សាក់ អ្នកចោះក្រវិល និងបុគ្គលិកសុខាភិបាល។
ចំពោះទឹកមាត់ មិនទាន់មានការអះអាងថាឆ្លង 100 ភាគរយនោះទេ។ តែមានឯកសារខ្លះបានសរសេរថា អាចមានការឆ្លងតាមទឹកមាត់ ក្នុងអត្រាតិចតួចបំផុត សឹងតែគ្មានការឆ្លង។
វិធីបង្ការជម្ងឺរលាកថ្លើមដោយវីរុសបេ
ដើម្បីការពារខ្លួនកុំឱ្យឆ្លងមេរោគរលាកថ្លើមប្រភេទបេ ត្រូវចៀសវាងឱ្យបានរាល់របៀបនៃការឆ្លងទាំងឡាយ ជាអាទិៈ
- មិនត្រូវប្រើម្ជុល និងសឺរ៉ាំងរួមគ្នា
- ត្រូវប្រើស្រោមអនាម័យ រាល់ពេលរួមភេទដែលសង្ស័យ ទាំងតាមទ្វារមាស ទាំតាមទ្វារលាមក
- មិនត្រូវប្រើឧបករណ៍ ឬប្រដាប់ប្រដាដែលមុតចេញឈាម ជាមួយអ្នកមានមេរោគថ្លើមប្រភេទបេឡើយ ជាពិសេសឧបករណ៍ដែលប្រើក្នុងផ្ទះជាមួយគ្នា ដូចជាកន្ដ្រៃកាត់ក្រចក ឡាម កាំបិតកោរ ច្រាសដុសធ្មេញក្រាសសិតសក់ជាដើម
- អ្នកមានជម្ងឺរលាកថ្លើមប្រភេទបេ ត្រូវមានសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន។
វិធីបង្ការមួយទៀតដែលមានប្រសិទ្ធិភាពខ្ពស់ គឺការចាក់វ៉ាក់សាំង ឬថ្នាំបង្ការជម្ងឺរលាកថ្លើមដោយវីរុសបេនេះ។ បើលោកអ្នកទៅ ចាក់បានទៀងទាត់តាមពិធីសារ ឬកម្មវិធីត្រឹមត្រូវ ប្រសិទ្ធិភាពនៃការបង្ការអាចបានដល់ទៅជាង 90 ភាគរយក្នុងរវាងប្រមាណ 3 ឆ្នាំដំបូង ជួនលើសពីនេះ អាស្រ័យទៅតាមបុគ្គល និងប្រសិទ្ធិភាពនៃថ្នាំបង្ការ។
ចំពោះករណីស្ដ្រីមានផ្ទៃពោះ គប្បីត្រូវពិនិត្យរកមេរោគវីរុសបេ នៅពេលមានគភ៌ទើបជាការប្រសើរ។ ព្រោះថា បើដឹងថាស្ដ្រីនោះ មានវីរុសបេ គាត់អាចទទួលការព្យាបាល ដោយថ្នាំហ្គាម៉ាគ្លូប៊ុយលីន។ ចំណែកទារក នឹងត្រូវទទួលការព្យាបាលដូចម្ដាយដែរ នៅពេលប្រសូត្ររួចមក។ ទាំងនេះ ក្នុងគោលបំណងការពារទារកឱ្យឆ្លងផុតពីការឆ្លងវីរុសរលាកថ្លើមប្រភេទបេ។
លោកអ្នកត្រូវរួសរាន់ទៅពិគ្រោះជម្ងឺជាមួយគ្រូពេទ្យជំនាញ និងនៅមន្ទីរពេទ្យ ពេលលោកអ្នកមានរោគសញ្ញាសង្ស័យមួយចំនួន ដូចជាអាការៈល្ហិតល្ហៃរ៉ាំរ៉ៃ កែវភ្នែកឡើងពណ៌លឿង កន្ទួលរមាស់លើស្បែករកហេតុផលមិនឃើញ ឈឺចាប់ស្ទើរតែគ្រប់សន្លាក់ដៃជើងខ្លួន ប្រាណជាដើម។
ជម្ងឺរលាកថ្លើមបែបសាហាវកម្រឃើញមានណាស់។ តាមការប៉ាន់ប្រមាណ មានប្រមាណជា 1%ចំណោមជម្ងឺរលាកថ្លើមបែបមានរោគសញ្ញា។ វាជាស្ថានភាពធ្ងន់ធ្ងរនៃការរលាកថ្លើមស្រួចស្រាវ ករណីនេះអាចប៉ះពាល់ដល់អាយុជីវិត។
ពេលដែលឆ្លងចូលទៅក្នុងខ្លួនមនុស្ស វីរុសបេចាប់បង្ករោគសញ្ញាប្រមាណជាពី 6 ទៅ 25 សបា្ដហ៍ (ពី 1 ខែកន្លះទៅ 6 ខែ)។ តែជាដំបូងអ្នកជម្ងឺចាប់គ្រុនក្ដៅខ្លួន ឈឺសាច់ដុំ ឈឺសន្លាក់ បាយមិនបាន ក្អួតចង្អោរ អស់កម្លាំង និងកន្ទួលរមាស់ស្បែក។ លើសពីនេះទៅទៀត មានការឡើងលឿងក្នុងទឹកនោម លើស្បែក និងកែវភ្នែកស។ ពេលដែលថ្លើមរលាក វាលែងមានលទ្ធភាពបំពេញមុខងារមេតាប៉ូលីសដូចធម្មតាហើយ ដែលបង្កការច្រាសច្រាលជាតិប៊ីលីរុយប៊ីននៅក្នុងខ្លួន ដែលជាដើមហេតុនៃការកើតលឿង។
ដោយឡែកវីរុសបេមួយចំនួន មិនបង្កជារោគសញ្ញាទេ ធ្វើឱ្យអ្នកដែលឆ្លងមេរោគនេះ មានផ្ទុកមេរោគនេះមួយជីវិត តែគ្មានរោគសញ្ញា។ បែបនេះ ជាទម្រង់ជម្ងឺរលាកថ្លើមដោយវីរុសបេរ៉ាំរ៉ៃ។ ទម្រង់រ៉ាំរ៉ៃនេះយូរទៅ អាចបង្កជារោគក្រិនថ្លើម ហើយអាចឈានទៅជម្ងឺ មហារីកថ្លើម។
ដូច្នេះ បើមានការសង្ស័យ ត្រូវអញ្ជើញទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដែលជាឱកាសធ្វើតេស្ដឈាមវិភាគរកមេរោគវីរុសបេ និងការវិភាគពាក់ព័ន្ធដទៃទៀត។ ពីព្រោះថា ដើម្បីឱ្យដឹងថាមានមេរោគរលាកថ្លើមប្រភេទបេ និងតាមដានដំណើរវិវត្ដរបស់វីរុស មានតែវិធីពិនិត្យឈាមតែមួយគត់។
ការពិនិត្យជម្ងឺ និងការធ្វើវិភាគឈាម
- ការពិនិត្យគ្លីនិក ដែលជាការពិនិត្យដោយភ្នែក ស្ទាប និងការសាកសួររបស់គ្រូពេទ្យព្យាបាល មិនអាចសន្និដ្ឋានថាមានជម្ងឺ រលាកថ្លើមដោយវីរុសបេបាន 100%ទេ។ ការធ្វើរោគវិនិច្ឆ័យត្រូវផ្អែកទៅលើការពិនិត្យ ឬវិភាគឈាម។
- ការកើតឡើងនៃជាតិអង់ស៊ីមរបស់ថ្លើម ដូចជាត្រង់សាមីណា ផូស្ពាតតាអាល់កាលីនជាដើម គឺជារោគសញ្ញានៃការបំផ្លាញ កោសិកាថ្លើម។
- ការកើនឡើងនៃកោសិកាឡាំផូស៊ីត (កោសិកានៃគោលិកាឈាមស) អាចសន្និដ្ឋានបានថាជាការបង្កជម្ងឺដោយពពួកវីរុស។
- ការវិភាគសេរ៉ូមឈាម ជួយឱ្យកំណត់ថាជាវីរុសប្រភេទណា។ ចំពោះជម្ងឺរលាកថ្លើមដោយវីរុសបេ អ្នកជីវសាស្ដ្រស្វែងរក វត្ដមានរបស់សារធាតុអង់ទីហ្សែន ហាស់បេអេស (HBS). ការបាត់អង់ទីហ្សែននេះវិញ មានន័យថាជាសះស្បើយ ពីជម្ងឺរលាកថ្លើមដោយវីរុសបេវិញ។
- មានសារធាតុអង់ទីហ្សែន និងអង់ទីក័រ(អង្គបដិបក្ខប្រាណ)ផ្សេងទៀត ដែលប្រើប្រាស់ផងដែរ ដើម្បីវិភាគសម្រាប់កំណត់ ដំណើរវិវត្ដរបស់ដំណាក់កាលជម្ងឺ ដូចជាទើបតែកើតថ្មី ឬកើតយូរមកហើយជាដើម។
- ប្រសិនបើរោគសញ្ញាជីវសាស្ដ្រទាំងនេះ មានវត្ដមានលើសពី 6 ខែ ជាពិសេសត្រង់សាមីណា និងអង់ទីហ្សែន ហាស់បេអេស (HBS) អាចហៅបានថាជាជម្ងឺរលាកថ្លើមរ៉ាំរ៉ៃដោយវីរុសបេ។ ដើម្បីតាមដានភាពធ្ងន់ធ្ងរ និងបោះជំហ៊ានទៅរកការព្យាបាល មានការវិភាគផ្សេងទៀតដែលត្រូវធ្វើដូចជាការច្រឹបសាច់ថ្លើមយកទៅវិភាគជាដើម។
ការព្យាបាលជម្ងឺរលាកថ្លើមដោយវីរុសបេ
ក្នុងករណីជម្ងឺរលាកថ្លើមរ៉ាំរ៉ៃ បែបសកម្មបន្ដិចបន្ដួច(ធ្វើទុក្ខបុកម្នេញតិចតួច) គេធ្វើការតាមដានដោយបូមឈាម ដើម្បីអង្កេត អង់ស៊ីមត្រង់សាមីណា និងរាប់ចំនួនមេរោគវីរុសបេ។ ក្នុងដំណាក់កាលនេះ អ្នកជម្ងឺមិនត្រូវពិសាជាតិសុរា និងឱសថមួយចំនួន ដែលបង្កការ ពុលថ្លើម និងបំផ្លាញសាច់ថ្លើម។
ចំពោះជម្ងឺរលាកថ្លើមដោយវីរុសបេ បែបឃោរឃៅ(ធ្វើទុក្ខបុកម្នេញខ្លាំងក្លា) សព្វថ្ងៃនេះ មានការព្យាបាលដោយថ្នាំអាំងទែហ្វេរ៉ុង និងរីបាវីរីន ហើយដែលប្រសិទ្ធិភាពជាសះស្បើយ អាចមានប្រមាណជាពី 0 ទៅ 30%។ នៅប្រទេសជឿនលឿន គេអាចធ្វើការវិភាគមុន នឹងព្យាបាល ដើម្បីកំណត់ និងសម្របសម្រួលការព្យាបាលត្រឹមត្រូវមួយ។ ក្នុងករណីបរាជ័យនៃការព្យាបាលដោយប្រើប្រាស់ថ្នាំទាំងពីរមុខ អាំងទែរហ្វេរ៉ុង និងរីបាវីរីននេះ គេអាចប្ដូរប្រើប្រាស់ថ្នាំប្រឆាំងនឹងវីរុសផ្សេងទៀត ដូចជាថ្នាំអាដេនីសអារ៉ាប៊ីណូស៊ីដ ឬឡាមីវុយឌីនជាដើម។
កាលបើបុគ្គលដែលមានរោគរលាកថ្លើមរ៉ាំរ៉ៃ ហើយមុខងារថ្លើមកំពុងបំផ្លិចបំផ្លាញ ដោយបង្កជាដុំសាច់ ជាពិសេសដុំសាច់មហារីក នោះការព្យាបាលតម្រូវឱ្យធ្វើការផ្សាំ ឬប្ដូរថ្លើម បើអាចធ្វើទៅបាន។
រីឯករណីជម្ងឺរលាកថ្លើមទម្រង់បែបសាហាវ ការព្យាបាលត្រូវធ្វើដាច់ខាតនៅផ្នែកសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ។ ពីព្រោះថាការ បាត់បង់មុខងារថ្លើមស្រួចស្រាវ អាចកើតមាន បង្កផលប៉ះពាល់ដល់អាយុជីវិត។ ករណីនេះជួនតម្រូវឱ្យធ្វើការផ្សាំ និងប្ដូរថ្លើមភ្លាមផងដែរ។
ឱសថព្យាបាលប្រឆាំងវីរុសបេទាំងនោះ ជួនមិនអាចឱ្យជម្ងឺរលាកថ្លើមជាសះស្បើយបាន និងមិនអាចទប់ស្កាត់ការឆ្លងបានទេ គ្រាន់តែអាចកាត់បន្ថយកម្រិតសកម្មភាពវីរុសតែប៉ុណ្ណោះ។ ពោលគឺគ្រាន់តែកាត់បន្ថយរោគសញ្ញានៃការបំផ្លិចបំផ្លាញថ្លើមតែប៉ុណ្ណោះ។ ហេតុដូច្នេះ លោកអ្នកដែលមានជម្ងឺរលាកថ្លើមប្រភេទបេនេះ ត្រូវទៅពិគ្រោះ និងទទួលការព្យាបាលពីគ្រូពេទ្យជំនាញ។ សូមចៀសវាងការសម្រេច ចិត្ដព្យាបាល ដោយប្រើប្រាស់ថ្នាំដោយខ្លួនឯង ដែលជាការបង្កផលអាក្រក់ដល់ថ្លើមដែលកំពុងមានជម្ងឺ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
0 comments:
Post a Comment