អឺរ៉ុប៖ ការប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប ឬ Champions League បានបន្តការប្រកួតចំនួន ៤ពូល ទៀតកាលពីយប់មិញនេះ ដោយក្លិបយក្សរបស់អេស្ប៉ាញ Real Madrid ស្ថិតនៅក្នុង ពូលF បានយកឈ្នះ ក្លិបមកពីប្រទេសព័រទុយហ្គាល់ Sporting Lisbon ២-១ នៅចុងម៉ោងក្នុងការប្រកួត ខណៈដែលក្លិបជើងឯកអង់គ្លេសរដូវកាលមុន Leicester ស្ថិតក្នុង ពូលG បានបង្ករភាពភ្ញាក់ផ្អើល កាលពីយប់មិញ ដោយបានបំបាក់ Club Brugge ៣-០ ក្នុងការប្រកួតដំបូងរបស់ខ្លួន ក្នុងប្រវត្តិសាស្ត្រ Champions League។
Real Madrid ដែលស្ថិតក្នុង ពូលF កាលពីយប់មិញនេះ ប៊ិះនឹងទទួលបរាជ័យហើយ ប៉ុន្តែសំណាង ២គ្រាប់ របស់ Ronaldo និង Morata នៅចុងម៉ោង ជួយឲ្យក្រុមម្ចាស់ផ្ទះ ទទួលបានជ័យជំនះវិញ ខណៈក្រុមភ្ញៀវ Sporting Lisbon ខកចិត្តនៅចុងម៉ោង។
ទាក់ទងនឹងការប្រកួតនេះ Sporting Lisbon ជាអ្នកមានឱកាសនាំមុខមុននៅនាទី៤៨ ដើមតង់ទី២ ដោយកីឡាករ Bruno Cesar ។ ការនាំមុខ ១-០ នេះបានអូសបន្លាយជិតនឹងបញ្ចប់ការប្រកួតទៅហើយ ស្រាប់តែ Sporting Lisbon បានរបូតគ្រាប់បាល់វិញ នៅនាទី៨៩ ដែលជាការស៊ុត Free Kick ដ៏អស្ចារ្យពីកីឡាករ Cristiano Ronaldo ។ ចូលដល់នាទី ៩០+៤ ដែលជិតនឹងបញ្ចប់ការប្រកួតទៅហើយ Morata បានបន្ថែមមួយគ្រាប់ទៀត ធ្វើឲ្យ Real Madrid នាំមុខ និងទទួលបានជ័យជំនះវិញ ក្នុងលទ្ធផល ២-១ ។
គួរបញ្ជាក់ផងដែរថា គ្រាប់បាល់ Free Kick របស់ Ronaldo កាលពីយប់មិញនេះ គឺជាគ្រាប់បាល់កំណត់ត្រាថ្មីរបស់រូបគេ ដែលជាប់ជាកីឡាករ ដែលស៊ុត Free Kick បញ្ចូលទី ច្រើនជាងគេ ក្នុង Champions League ចំនួន១២គ្រាប់។
0 comments:
Post a Comment