វីតាមីនបេ 3 ឬហៅជាភាសាគីមីសាស្ដ្រថា នីយ៉ាស៊ីន ឬវីតាមីនប៉េ មានតួនាទីពិសេសៗដូចតទៅ ៖
- ផ្ដល់ថាមពល៖ វីតាមីនបេ៣ មានតួនាទីសំខាន់ក្នុងការផ្ដល់ថាមពល ពេលមានប្រតិកម្មគីមីសាស្ដ្រទាំងឡាយរបស់សរីរាង្គកាយ។
- ចូលរួមការផលិតអ័រម៉ូន៖ វីតាមីនបេ៣ អាចចូលរួមក្នុងដំណើរការផលិតអ័រម៉ូនរបស់រាងកាយមនុស្ស។
- ជួយបំលាស់ប្ដូរប្រព័ន្ធប្រសាទ៖ វីតាមីននេះដើរតួនាទីផងដែរនៅក្នុងការបំលាស់ប្ដូរប្រព័ន្ធប្រសាទ។
- ការពារបេះដូង និងសរសៃឈាម៖ វីតាមីនបេ៣ ជាអ្នកការពារបេះដូង ដោយវាអាចកាត់បន្ថយកម្រិតជាតិខ្លាញ់ កូឡេស្ដេរ៉ុល និងជាតិខ្លាញ់ទ្រីគ្លីសេរីដនៅក្នុងឈាម ជួយកាត់បន្ថយសម្ពាធឈាមអាកទែរ(ជម្ងឺលើសឈាម) និងអាចទប់ស្កាត់ ជម្ងឺសរសៃឈាមរឹងបានទៀតផង។
- សម្រួលការរំលាយអាហារ៖ វីតាមីនបេ៣ អាចជួយធ្វើឱ្យការរំលាយអាហាររឹតតែប្រសើរឡើង និងប្រឆាំងនឹងរោគរាក រូសផងដែរ។
របបអាហារូបត្ថម្ភប្រចាំថ្ងៃរបស់វីតាមីនបេ3
មនុស្សត្រូវទទួលទានចូលទៅក្នុងខ្លួនជាប្រចាំថ្ងៃនូវជាតិវីតាមីនបេ3 ក្នុងបរិមាណចំនួនពី 11 ទៅ 14 មីលីក្រាម សម្រាប់មនុស្សពេញវ័យទូទៅ។ ដោយឡែកចំពោះស្ដ្រីមានផ្ទៃពោះ តម្រូវការវីតាមីនបេ៣ អាចកើនដល់ទៅ 16 មីលីក្រាម រីឯអ្នកមានជម្ងឺ ឬស្ដ្រីបំបៅដោះកូនក៏មានតម្រូវការខ្ពស់ផងដែរ ប្រមាណជា 15 មីលីក្រាមក្នុង 1 ថ្ងៃ។
កង្វះវីតាមីនបេ3 នាំឱ្យប៉ះពាល់ដល់សុខភាព
បើសិនពេលមនុស្សយើងទទួលទានវីតាមីនបេ៣ នេះមិនគ្រប់គ្រាន់ អាចនាំឱ្យប៉ះពាល់ដល់សុខភាពគួរឱ្យកត់សម្គាល់។ ផលប៉ះពាល់ទាំងនោះ មានដូចជារបកស្បែក(ជម្ងឺស្បែក និងភ្នាសមុយកឺ) រោគតានតឹងអារម្មណ៍ ជម្ងឺផ្លូវចិត្ដ អស់កម្លាំង គេងមិនលក់ លែងឃ្លានបាយ រលាកសន្លាក់ ឬវិបត្ដិទឹកចិត្ដ។
ចំណីអាហារដែលមានជាតិវីតាមីនបេ3
វីតាមីនបេ៣ មាននៅលើចំណីអាហារមួយចំនួនដូចតទៅ ៖
- គ្រាប់ធញ្ញជាតិ
- ស៊ុតពណ៌លឿង
- សាច់ត្រី
- បន្លែក្រៀម
- មេស្រាបៀ
- កាហ្វេកែច្នៃ។
ពេលដែលត្រូវប្រើប្រាស់គ្រាប់ថ្នាំវីតាមីនបេ3
ជំពូកមនុស្សដែលគួរតែប្រើប្រាស់គ្រាប់ថ្នាំវីតាមីនបេ3 ជាជំនួយបន្ថែមមានដូចតទៅ ៖
- អ្នកដែលអាចប្រឈមនឹងជម្ងឺបេះដូង និងជម្ងឺសរសៃឈាមរឹង ជាពិសេសអ្នកដែលមានប្រវត្ដិក្រុមគ្រួសារធ្លាប់កើត ឬអ្នកដែលមានជាតិកូឡេស្ដេរ៉ុលឡើងខ្ពស់ជាដើម
- ស្ដ្រីដែលបំបៅកូនដោយទឹកដោះ (តម្រូវការអាចឡើងដល់ទៅ 1 ទៅ 3 ក្រាម ដោយលេបច្រើនដងក្នុង 1 ថ្ងៃ)
- អ្នកដែលឧស្សាហ៍មានអាការវិលមុខ និងហ៊ឹងត្រចៀក(ជាពិសេសជម្ងឺម៉ានីញ៉ែ)។
0 comments:
Post a Comment